ការសម្តែងសិល្បរវាង សាកលវិទ្យាល័យ សហសត និង វិទ្យាស្ថានខុងជឺ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំមានរៀបចំកម្មវិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជនជាតិចិនដោយមានអ្នកចូលរួមប្រមាណជាង១០០រូប។ ថ្លែងទៅកាន់អង្គពិធីដោយក្តីសប្បាយរីករាយ ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំបានកោតសរសើរចំពោះគ្រូបង្រៀនជនជាតិចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានខិតខំលះបង់ពេលវេលានិងជួយជ្រោមជ្រែងដល់ការពង្រឹងនិងពង្រីកសាមគ្គីភាពរវាងប្រជាជាតិយើងទាំងពីរកម្ពុជានិងចិន។ ចាប់តាំងពីដាក់ឱ្យដំណើរការនាខែកញ្ញា ឆ្នាំ២០១៦មក ថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំខេត្តត្បូងឃ្មុំនេះបានស្រូបទាញនូវចំណាប់អារម្មណ៍របស់សិស្ស និស្សិតជាច្រើនមកសិក្សា។ ក្នុងរយៈពេលជាង១ត្រីមាសនេះ តាមរយៈថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សិក្ខាកាមភាសាចិនរបស់សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំបានយល់កាន់តែច្បាស់មិនត្រឹមតែភាសាចិនប៉ុណ្ណោះទេ តែថែមទាំងបានដឹងយ៉ាងត្រឹមត្រូវពីវប្បធម៌ចិននិងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិនទៀតផង។ លើសពីនេះ ឯកឧត្តមសាកលវិទ្យាធិការក៏សង្ឃឹមថា ក្នុងឆ្នាំ២០១៧នេះ តាមរយៈកិច្ចគាំទ្ររបស់ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សិក្ខាកាមភាសាចិនរបស់សាកលវិទ្យាល័យមួយចំនួននឹងទទួលបានឱកាសទៅបំពេញទស្សនកិច្ចសិក្សានិងទៅបន្តការសិក្សានៅប្រទេសចិនទៀតផង។ គួរបញ្ជាក់ផងដែរថា កម្មវិធីអបអរសាទរឆ្នាំថ្មីនេះរួមមានបទបង្ហាញពីប្រវត្តិពិធីចូលឆ្នាំចិន ការខ្ចប់គាវ ការកាត់ក្រដាសក្រហមជារូបភាពនិងអក្សរជូនពរ ការសរសេរអក្សរផ្ចង់ និងរបាំប្រពៃណីរបស់ជនជាតិភាគតិចនៅក្នុងប្រទេសចិន។ លើសពីនេះ សិក្ខាមភាសាចិនក៏បានខិតខំប្រើប្រាស់ភាសាចិននិងការសម្តែងសិល្បៈខ្មែរដើម្បីពន្យល់គ្រូបង្រៀនជនជាតិចិនឱ្យយល់ពី ប្រពៃណីចូលឆ្នាំខ្មែរនិងទម្រង់សិល្បៈដ៏យូលង់របស់កម្ពុជាផងដែរ។